ប្រទេសកម្ពុជា កំពុងចរចានិងពិភាក្សាជាមួយដៃគូ ដើម្បីពិនិត្យលទ្ធភាពក្នុងការនាំចេញអង្ករ និងទោចក្រយាន ឱ្យបានកាន់តែច្រើនថែមទៀត។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំប្រជុំពិភាក្សាជាមួយ អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការរៀបចំយន្តការជំរុញការនាំចេញអង្ករកម្ពុជា។


គួររំលឹកថា៖ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣៣៨ ៦៥៤ តោន ទទួលបានទឹកប្រាក់ចំនួនជាង២៤៧ លានដុល្លារ និងនាំចេញស្រូវជាង២.៥លានតោន ទទួលបានទឹកប្រាក់ជាង៧២៧លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។


ក្រុមហ៊ុនចំនួន៥១ បាននាំចេញអង្ករជាង ៣៣ម៉ឺនតោននេះទៅកាន់គោលដៅចំនួន៦៣ ដែលក្នុងនោះនាំទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ មានចំនួន១៥៦ ៧៨៩ តោនគិតជាទឹកប្រាក់ចំនួន ១២១.៣២ លានដុល្លារ, ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ មានចំនួន ៧៥ ៣៩៨ តោន គិតជាទឹកប្រាក់ចំនួន ៤៧.០១ លានដុល្លារ,ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៧៤ ៥៥៤ តោន គិតជាទឹកប្រាក់ចំនួន ៥១.៨៥ លានដុល្លារ និងទៅកាន់គោលដៅ ២៧ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ បានចំនួន ៣១ ៩១៣ តោន គិតជាទឹកប្រាក់ចំនួន ២៧.៤២ លានដុល្លារ។

នៅថ្ងៃដដែលនេះ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកស្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ចកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារស្ដីពីការនាំចេញទោចក្រយាននៅកម្ពុជា ដែលមានវត្តមានអញ្ជើញចូលរួមដោយបណ្តាក្រុមហ៊ុនដែលជាអ្នកផលិត និងនាំចេញទោចក្រយាននៅប្រទេសកម្ពុជា។


កិច្ចប្រជុំនេះផងដែរ មានគោលបំណងដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈម និងគិតគូរសម្របសម្រួលលើនីតិវិធីនៃការនាំចេញ ក្នុងន័យលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើននៃការនាំចេញទោចក្រយានពីប្រទេសកម្ពុជា។


កម្ពុជារកចំណូលបានជាង ២០៥ លានដុល្លារពីការនាំចេញកង់ និងកង់អគ្គិសនីទៅកាន់ទីផ្សារបរទេសក្នុងឆមាសទី១កន្លងមកនេះដោយថយចុះជាង ៣៨ ភាគរយ ពី៣៣២ លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។


ផលិតផលកង់បានក្លាយជាផលិតផលផលិតដ៏សំខាន់មួយរបស់កម្ពុជាជាមួយនឹងផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ គ្រឿងអេឡិចត្រូនិក និងផលិតផល កសិកម្ម៕