ការនាំចេញអង្កររបស់ប្រទេសថៃបានកើនឡើងជិត ២២% ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៤ នេះ បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ដែលត្រូវបានជំរុញដោយការកើនឡើងនៃតម្រូវការពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

យោងតាមស្ថិតិពីក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ បាននាំចេញអង្ករសរុបចំនួន ៥,៦៨ លានតោន ដែលមានតម្លៃប្រមាណជាង ១៣២ពាន់លានបាត (ប្រហែល ៣,៧ពាន់លានដុល្លារ) ក្នុងអំឡុងខែមករា ដល់ខែកក្កដា​ ឆ្នាំនេះ។


ក្រសួងពាណិជ្ជកម្មថៃ ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការនាំចេញអង្កររបស់ប្រទេសថៃនៅក្នុងឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងលើសពីគោលដៅដែលបានព្យាករទុកចំនួន ៨,២ លានតោន ដោយសារប្រទេសឥណ្ឌាដែលជាប្រទេសផលិតអង្ករដ៏ធំបំផុតមួយរបស់ពិភពលោក នៅតែបន្តរឹតបន្តឹងការនាំចេញរបស់ខ្លួន ដែលជាហេតុធ្វើឲ្យការផ្គត់ផ្គង់អង្ករពិភពលោកនៅតែមានតម្រូវការច្រើន។


ទន្ទឹមនឹងនេះ លោក Chookiat Ophaswongse ប្រធានកិត្តិយសរបស់សមាគមអ្នកនាំចេញអង្ករថៃ បានមានប្រសាសន៍ថា បើទោះបីជាមានទឹកជំនន់នៅតែបន្តកើតមាននៅភាគខាងជើង និងភាគឦសានប្រទេសក៏ដោយ ប៉ុន្តែនឹងមិនគួរប៉ះពាល់ដល់ការនាំចេញអង្ករ នៅឆ្នាំនេះដែរ៕