រយៈពេល៣ថ្ងៃ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបជិត ៤ម៉ឺននាក់ បានចូលមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត
ត្រឹមតែរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបជិត ៤ម៉ឺននាក់ បានចូលមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត។ នេះបើតាមការឱ្យដឹង ពីអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
តាមរយៈសារបង្ហោះនៅលើបណ្ដាញសង្គមព្រឹកនេះ អាជ្ញាធរជាតិអប្សរា បានភ្ជាប់នូវអារម្មណ៍ពិតរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ដនានា ក្នុងប្រទេសកម្ពុជា ជាមួយនឹងតួលេខភ្ញៀវទេសចរយ៉ាងច្រើនកុះករស្កាត់មកពីទីជិតឆ្ងាយ ដើម្បីរង់ចាំទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត។
ព្រះតេជគុណ សុង ពិសិដ្ឋ គង់នៅវត្តដំណាក់ ក្រុងសៀមរាប បានថេរដីកាថា នេះទើបតែជាលើកទីពីរប៉ុណ្ណោះដែលព្រះអង្គបាននិមន្តមកទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បើទោះបីប៉ុន្មានថ្ងៃនេះអាកាសធាតុមិនអំណោយផលល្អ តែនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់ ឱ្យចូលមកទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទដទៃក្នុងតំបន់រមណីយដ្ឋានអង្គរ។
ចំណែកលោកយាយ ម៉ម វាត់ អាយុ៧៧ឆ្នាំ ភ្ញៀវទេសចរ រស់នៅក្នុងខេត្តពោធិសាត់ បានឱ្យដឹងថា នេះជាលើកទី៥ហើយ ដែលលោកយាយបានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ព្រមទាំងបាននាំបងប្អូនញាតិមិត្តមកទស្សនាថែមទៀត។ លោកយាយថា បើទោះបីឃើញថា អាកាសធាតុមិនអំណោយផលល្អ តែលោកយាយនៅតែចង់មកទស្សនាប្រាសាទអង្គរវត្ត ព្រោះតែកោតសសើរស្នាដៃបុព្វបុរសខ្មែរ ដែលលោកបានកសាងអង្គរវត្ត និងប្រាសាទបុរាណជាច្រើនលើទឹកដីនៃខេត្តសៀមរាប។
សូមបញ្ជាក់ថា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបជិត ៤ម៉ឺននាក់ បានចូលមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត៕