លោក ស៊ុន ចាន់ថុល លើកទឹកក្រុមហ៊ុនសម្លៀកបំពាក់លំដាប់ពិភពលោករបស់អាមេរិក ឱ្យបណ្តាក់ទុនពង្រីកផលិតកម្មវិនិយោគនៅកម្ពុជា
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជារួមមានពីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ជួបពិភាក្សាការងារជាមួយលោក Jeff Hogue ប្រធានផ្នែកនិរន្តរភាព និងសហការី តំណាងក្រុមហ៊ុន Levi Strauss & Co ដែលជាក្រុមហ៊ុនសម្លៀកបំពាក់លំដាប់ពិភពលោករបស់អាម៉េរិក ត្រូវបានគេស្គាល់ឈ្មោះ ក្រោមម៉ាកសញ្ញា Levi’s កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាន់ហ្វ្រាន់ស៊ីស្កូ។
ក្នុងជំនួបក្នុង តំណាងក្រុមហ៊ុន Levi Strauss & Co ក៏បានបង្ហាញការស្វាគមន៍ជូនដល់គណៈប្រតិភូកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីសវតារបស់ក្រុមហ៊ុន និងតម្រូវការនានាដែលជាមូលដ្ឋានដល់ការសម្រេចចិត្តដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនដូចជាការប្រើប្រាស់ថាមពលស្អាត សំដៅធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Levi Strauss & Co ដ៏ល្បីរបស់អាមេរិមួយនេះ ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគពង្រីកវិសាលភាពផលិតកម្មរបស់ខ្លួននៅកម្ពុជា តាមរយៈកិច្ចសម្របសម្រួលលើការងារវិនិយោគពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ដែលអាចធានាបាននូវបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះបំផុត។
ជាមួយប្រធានបទនៃការវិនិយោគក្នុងវិស័យនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីបច្ចុប្បន្នភាពការផលិត និងផ្គត់ផ្គង់ថាមពលនៅប្រទេសកម្ពុជា ដែលក្នុងនោះ ៦២%នៃថាមពលសរុប ដែលបានប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ គឺជាប្រភេទថាមពលស្អាត និងកកើតឡើងវិញផងដែរ៕