សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Muhaimin Iskandar អនុប្រធានអង្គការ IDC-CDI, និងជារដ្ឋមន្ត្រីសម្របសម្រួលនៃការពង្រឹងសហគមន៍នៃប្រទេសឥណ្ឌូណេស៊ី បានប្តេជ្ញាបន្តធ្វើការជាមួយគ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ព្រោះកម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រើន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក។

ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ(IDC-CDI Executive Committee) នៅខេត្តសៀមរាប នារសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។


នាឱកាសនោះ លោក Muhaimin Iskandar បានលើកឡើងថា​ ឥណ្ឌូណេស៊ី និងកម្ពុជា​ មានទំនាក់ទំនងដ៏យូរអង្វែង​ និងមានកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ខណៈលោកក៏បាន បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា​ ដែលបានរៀបចំយ៉ាងប្រសើរនូវកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ និងចាត់ទុកថា សម្ព័ន្ធភាព​នៃអរិយធម៌​ គឺជាយន្តការដ៏សំខាន់មួយសម្រាប់ការបង្កើនឥទ្ធិពលនៅក្នុងតំបន់ និងពិភពលោក។


ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយ ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី នៅក្នុងវិស័យជាច្រើន រួមមាន៖ វិស័យកសិកម្ម, វិស័យពាណិជ្ជកម្ម, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន, និងវិស័យសន្តិសុខនិងការពាជាតិជាដើម។


គួរបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សាខាងលើ ភាគីទាំងពីរ ក៏បានជំរុញ និងលើកទឹកចិត្តក្រសួង-ស្ថាប័ននៃប្រទេសទាំងពីរ ឱ្យបន្តធ្វើការជាមួយគ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ព្រោះប្រទេសទាំងពីរនៅមានសក្តានុពលច្រើន សំដៅបម្រើផលប្រយោជន៍ដល់ប្រជាជននៃប្រជាជាតិទាំងពីរ៕