កាលពី​ម្សិលមិញ​នេះ មេដឹកនាំ​ជប៉ុន​បាន​ចាក​ចេញពី​ទីក្រុង​តូ​ក្យូ ក្នុង​ដំណើរ​ទៅកាន់​ប្រទេស​ម៉ុង​ហ្គោ​លី ដែលជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​រយៈពេល​វែង​នៅ​តំបន់​អាស៊ី​កណ្ដាល។ ទស្សនកិច្ច​នេះ​មាន​គោលបំណង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ជប៉ុន​និង​ប្រទេស​ទាំង៦ ខណៈដែល​ចិន​ក៏​កំពុងតែ​ពង្រីក​ឥទ្ធិពល​ចូលក្នុង​តំបន់​ដែល​សម្បូរ​ដោយ​ធនធាន​នេះ​ផងដែរ។

នាយករដ្ឋមន្ត្រី​ជប៉ុន លោក ​ស៊ីន​ហ្សូ អា​បេ បានចេញ​ដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង​អូ​ឡង់​បា​ទ័​រ ប្រទេស​ម៉ុង​ហ្គោ​លី​ក្នុង​ទស្សនកិច្ច​ផ្លូវការ​ជា​លើកដំបូង​នៅ​ទីនោះ​ចាប់តាំងពី​ឆ្នាំ២០១៣មក។ មន្ត្រី​អមដំណើរ​លោក ​អា​បេ ​ភាគច្រើន​គឺជា​តំណាង​ក្រុមហ៊ុន​ប្រមាណ៥០ក្នុងប្រទេស​ជប៉ុន។

ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​ម៉ុង​ហ្គោ​លី លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កា​ហ្សា​ក់​ស្ថាន និង​អ៊ូ​ស​បេ​គី​ស្ថាន។ បន្ទាប់មក លោក​អា​បេ​នឹង​បន្ត​ចាប់ផ្ដើម​ទស្សនកិច្ច​លើកដំបូង​របស់លោក​នៅ​ឯ​ប្រទេស​ តួ​ក​ម៉េ​នី​ស្ថាន តា​ហ្ស៊ី​គី​ស្ថាន​ និងកៀ​ហ្ស៊ី​ស៊ី​ស្ថាន។ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​វែង​នេះ នឹងមាន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាច្រើន​ដែលមាន​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ។

‹‹ម៉ុង​ហ្គោ​លី​និង​បណ្ដា​ប្រទេស​នៅ​អាស៊ី​កណ្ដាល គឺជា​បេះដូង​របស់​អាស៊ី​និង​ជាទី​តាំង​យុទ្ធសាស្ត្រ​ដ៏​សំខាន់»។ នេះ​ជាការ​លើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​អា​បេ នៅមុន​ការចាកចេញ​ពី​ព្រលានយន្តហោះ​ក្រុង​តូ​ក្យូ។ លោក​បន្តទៀតថា លោក​ចង់រឹត​ចំណងមិត្តភាព​ជាមួយ​ប្រទេស​ទាំងនោះ។

យ៉ាងណាមិញ មហា​យក្ស​ចិន ក៏កំពុងតែ​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ចូលក្នុង​តំបន់​ដែល​ពោ​រពេញ​ដោយ​ធនធានធម្មជាតិ​ផងដែរ។ ជាមួយ​ការផ្ដើមគំនិត​បង្កើត​ធនាគារ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ចិន​បាន​ជ្រៀតចូល​យ៉ាងជ្រៅ​ក្នុង​តំបន់​អាស៊ី​កណ្ដាល​តាមរយៈ​ជំនួយ​ដ៏​សន្ធឹកសន្ធាប់​របស់ខ្លួន។

​កន្លងមក ប្រទេស​នៅ​អាស៊ី​កណ្ដាល​ទាំងអស់​តែងតែ​ពឹង​ផ្អែកលើ​ការនាំចេញ​ធនធានធម្មជាតិ​របស់​ខ្លួន ប៉ុន្តែ​នាពេល​បច្ចុប្បន្ន ប្រទេស​ទាំងនោះ បាន​កំពុង​ទាក់ទាញ​ការ វិនិយោគ​លើ​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ ដើម្បី​បង្កើនវិស័យ​ឧ​ស្សហកម្ម​សេដ្ឋកិច្ច​របស់ខ្លួន។

សូម​បញ្ជាក់ដែរថា ចាប់តាំងពី​ការ​ឡើងជា​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ២០១២ លោក​ អា​បេ​ បាន​បំពេញ​ទស្សនកិច្ច​ជាច្រើនលើក​ទៅកាន់​បរទេស​ក្នុង​គោលបំណង​ពង្រីក​ឥទ្ធិពល​របស់​ជប៉ុន។ ម្យ៉ាងទៀត នេះ​គឺជា​ការបង្កើន​ទំហំ​សេដ្ឋកិច្ច​ជប៉ុន ដែលជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី៣ របស់​ពិភពលោក​ផងដែរ​នោះ៕