អ្នកគាំទ្រតម្រង់ជួររាប់រយម៉ែត្ររង់ចាំថតរូបកន្លែងតារាក្នុងដួងចិត្ដថត

ក្រុងស៊ាងហៃ: បច្ចុប្បន្ន អ្នកគាំទ្រតារាក្នុងដួងចិត្ដតែងតែហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បី តែ Idols របស់ខ្លួន។ ជាក់ស្ដែង ក្រុមអ្នកគាំទ្ររបស់តារាចម្រៀង និងភាពយន្ដ លូ ហាន បានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីអានុភាពនៃការគាំទ្រ។
លូ ហាន ដែលបានសាងកេរ្ដិ៍ល្បីលើវិថីក្រោយបង្ហាញវត្ដមានក្នុងក្រុមចម្រៀង កូរ៉េខាងត្បូង EXO កាលពីឆ្នាំ ២០១២ បានបង្ហាញរូបថតឈរក្បែរប្រអប់សំបុត្រប្រៃសណីយ៍ក្នុងក្រុងស៊ាងហៃលើ គេហទំព័រ Weibo កាលពីថ្ងៃសុក្រកន្លងមក។
តារារូបនោះ បានសរសេរថា៖ «ថ្ងៃនេះជាថ្ងៃសុក្រ ខ្ញុំបានមកដល់ទីនេះ! ជួបគ្នាថ្ងៃស្អែក»។
ពេលនេះ វាក្លាយជាចំណុចទាក់ទាញទេសចរចុងក្រោយបំផុតក្នុងវិថីប្រទេសចិន។ ក្រុមនារីគាំទ្របាននាំគ្នាឈរតម្រង់ជួរចម្ងាយជាង ៣០០ ម៉ែត្រ ដើម្បីថតរូបសែលហ្វីទាំងកណ្ដាលអ្រធាត្រក្បែរប្រអប់សំបុត្រដែល សំណព្វចិត្ដរបស់ពួកគេបានថតទីនោះ។
អ្នកខ្លះបានរិះគន់ថា នេះជាទង្វើដ៏ឆ្កួតលីលា ដែលពួកនាងអាចរកអ្វីធ្វើផ្សេងជាជាងមកនាំគ្នាកកស្ទះទាំងកណ្ដាល យប់។ប៉ុន្ដែអ្នកខ្លះទៀតបែរជាកោតសរសើរទៅវិញ។
អ្នកប្រើ Weibo សរសេរថា៖ «ខ្ញុំមិនឃើញពួកគេធ្វើឲ្យប៉ះពាល់អ្វីទេ។
ពួកគេមិនបង្កបញ្ហាដល់នរណាទេ។ ពួកគេតម្រង់ជួរដោយសន្ដិ។
វាមិនទើសក្បាលអ្នករិះគន់ទេ»៕