ផ្ទះ​សំណាក់​​​ដែល​ជាប់​ពាន​រង្វាន់ Travellers' Choice Award ពី​​គេហទំព័រ​ទេសចរណ៍​ដ៏​ល្បីល្បាញ Trip Advisor កាល​ពី​ឆ្នាំ​កន្លង​ទៅ​នេះ​ ត្រូវ​បាន​ណែនាំ​បន្ត​គ្នា​ ជាពិសេស​​ក្នុង​ចំណោម​អ្នក​​បរិស្ថាន​និយម​​ និង​អ្នក​​មិន​បរិភោគ​សាច់។

បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៨ ដោយ​លោក Simen Julner និង​អ្នកស្រី Katrine Solhaug ជា​ភរិយា ផ្ទះ​សំណាក់ Babel តែងតែ​ធ្វើ​ឲ្យ​ភ្ញៀវ​ភ្ញាក់​ផ្អើល ជាមួយ​ការ​ប្រើប្រាស់​សម្ភារ​​​គិតគូរ​បរិស្ថាន វត្ថុ​​ច្នៃ​ប្រើប្រាស់​ឡើង​វិញ​ និង​ឧបករណ៍​បែប​បុរាណ​​ផលិត​​ពី​ធម្មជាតិ​ដោយ​សហគមន៍​សិប្បករ​​ក្នុង​ស្រុក។

ចាន​គោម​ត្នោត ចាន​ត្រឡោក​ សម​ ចង្កឹះ ស្លាបព្រា​ឈើ បំពង់​បឺត​ពី​ឫស្សី តម្រង​​ឆុង​តែ​​ពី​កន្ត្រង​ត្បាញ​ដោយ​ដៃ សាប៊ូ និង​គ្រឿង​ប្រើប្រាស់​ដទៃ​ទៀត សុទ្ធ​​សឹង​តែ​​​ជា​ផលិតផល​​ ដែល​​វិល​ត្រឡប់​ទៅ​កាន់​សម័យ​​​កាល​មុន​ពេល​ដែល​ប្លាស្ទិក​មាន​គ្រប់​ច្រក​ល្ហក​។

រឿង​រ៉ាវ​នៅ​ពី​ក្រោយ​​ការ​បំបាត់​​សំរាម​​ប្លាស្ទិក​នៅ​ផ្ទះ​សំណាក់ Babel ត្រូវ​បាន​​​អ្នកស្រី​ Katrine លើក​ឡើង​​ថា​ យើង​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​ ដើម្បី​ចូលរូម​ចំណែក​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​ និង​គ្រប់គ្រង​​កាក​សំណល់​។ យើង​ប្រើប្រាស់​បំពង់​បឺត​ឫស្សី​ ក្នុង​អាហារដ្ឋាន​ យើង​ប្រើ​ថង់​ច្រក​​សំរាម​ប្រភេទ​ងាយ​បំបែក ឬ​អាច​កិន​បាន​ពី​ Cleanbodia ជំនួស​ថង់​ប្លាស្ទិក​នៅ​តាម​បន្ទប់​គេង​។​