​WhatsApp នឹង​ចាប់​ផ្ដើម​ចែក​រំលែក​ទិន្នន័យ​ទិន្នន័យ​របស់​អ្នក​ប្រើ​ជា​មួយ​នឹង​ Facebook ដែល​ជា​លក្ខខណ្ឌ​មួយ​នៃ​ការ​ប្រើ​ប្រាស់​កម្មវិធី តម្រូវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​យល់​ព្រម។

វា​គឺ​ជា​ការ​សម្រេច​ចិត្ត​មួយ​ដែល​ខុស​គ្នា​ទាំង​ស្រុង​ ​ប្រៀប​នឹង​​ពេល​ដែល​ Facebook ​ទើប​ទិញ​ WhatsApp ដំបូង​ក្នុង​ឆ្នាំ ២០១៤ ក្នុង​ទំហំ​ទឹក​ប្រាក់ ១៩​ពាន់​លាន​ដុល្លារ។ ពេល​នោះ​ WhatsApp បាន​​ធានា​ថា​​ទិន្នន័យ​របស់​អ្នក​ប្រើ​នឹង​បន្ត​នៅ​ជា​ឯកជន ហើយ​មិន​ចែក​រំលែក​ជា​មួយ​ Facebook នោះ​ទេ។


​ការ​ផ្លាស់​ប្ដូរ​គោលការណ៍​នេះ បាន​ចាប់​ផ្ដើម​លេច​ចេញ​ដំបូង​កាល​ពី​ឆ្នាំ ២០១៦ ​​ពេល​ដែល​ WhatsApp ចាប់​ផ្ដើម​ចែក​រំលែក​ទិន្នន័យ​ជា​ Facebook ជា​លក្ខណៈ​ Default ដែល​ពេល​នោះ​អ្នក​ប្រើ​ប្រាស់​អាច​មាន​សិទ្ធ​បិទ​មិន​ឲ្យ​មាន​ការ​ចែក​រំលែក​បាន។


យ៉ាងណាក្ដី​នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ខាង​មុខ​នេះ អ្នក​ប្រើ​ប្រាស់​ WhatsApp នឹង​មិន​មាន​ជម្រើស​អ្វី​​នោះ​ឡើយ គឺ​ត្រូវ​តែ​ទទួល​យក​ការ​ផ្លាស់​ប្ដូរ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ចែក​រំលែក​ទិន្នន័យ​របស់​ខ្លួន​ជា​មួយ Facebook ប្រសិន​បើ​ពួក​គេ​ចង់​ប្រើ​ប្រាស់ WhatsApp ជា​បន្ត៕​