ក្នុង​ល្ងាច​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ២០២១​នេះ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​បាន​ចេញ​សេចក្ដីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន ពាក់ព័ន្ធ​នឹង​ការ​វិវត្តន៍​នៃ​ស្ថានការណ៍​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​លោក​ស្រី​ អ៊ុង​ សានស៊ូជី និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ NLD ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ពួក​យោធា​កាល​ពី​ព្រឹក​មិញ​នេះ។

ក្នុង​គេហទំព័រ​ផ្លូវការ​របស់​អាស៊ាន​បាន​សរសេរ​នូវ​ទស្សនៈ​បួន​ចំណុច​របស់​ខ្លួន តែ​អ្វី​ដែល​អាស៊ាន​បាន​សង្កត់​ធ្ងន់​ជាង​គេ​នោះ​គឺ អាស៊ាន​លើក​ទឹកចិត្ត​ឲ្យ​មីយ៉ាន់ម៉ា​បន្ត​នូវ​កិច្ច​ចរចា​សន្ទនា ការ​រួបរួម​ផ្ទៃ​ក្នុង​ និង​ត្រលប់​មក​សភាព​ធម្មតា​វិញ ឲ្យ​សម​ស្រប​តាម​ "ឆន្ទៈ និង​ផល​ប្រយោជន៍" របស់​ប្រជាជន​មីយ៉ាន់ម៉ា ដោយ​ផ្អែក​លើ​គោលបំណង និង​គោលការណ៍​របស់​ធម្មនុញ្ញ​អាស៊ាន។


អាស៊ាន​កម្រ​ណាស់​ក្នុង​ការ​ចេញ​សេចក្ដីថ្លែងការណ៍​និយាយ​ពី​រឿង​ក្នុង​ស្រុក​របស់​សមាជិក​របស់​ខ្លួន​ដូច្នេះ​ ដោយសារ​តែ​សមាគម​នេះ​ប្រកាន់​យក​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង។


សូម​ជម្រាប​ផង​ដែរ​ថា កាល​ពី​ព្រឹក​ព្រលឹម​ស្រាងៗ​ថ្ងៃ​ច័ន្ទ​នេះ ពួក​យោធា​បាន​ចាប់​ខ្លួន​លោក​ស្រី​អ៊ុង សានស៊ូជី ដែល​ជា​ទីប្រឹក្សា​រដ្ឋ​របស់​មីយ៉ាន់ម៉ា ប្រធានាធិបតី​មីយ៉ាន់ម៉ា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ NLD ខណៈ​ពួក​គេ​ត្រៀម​នឹង​បើក​កិច្ច​ប្រជុំ​រដ្ឋសភា​សម្រាប់​អាណត្តិ​ថ្មី​។ ពួក​យោធា​សម្អាង​ហេតុផល​ថា ការ​បោះឆ្នោត​ កាល​ពី​ខែ​វិច្ឆិកា ២០២០​កន្លង​ទៅ​ មាន​ភាព​មិន​ប្រក្រតី ហើយ​ពួក​គេ​ប្ដេជ្ញា​ធ្វើ​យ៉ាង​ណា​ការពារ​រដ្ឋធម្មនុញ្ញ​របស់​មីយ៉ាន់ម៉ា។


ប្រទេស​លោក​ខាង​លិច ក៏​ដូច​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ផ្សេងៗ​គ្នា ខណៈ​កម្ពុជា​វិញ សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ព្រឹក​មិញ​ថា រឿង​នេះ​ជា​រឿង​ផ្ទៃ​ក្នុង​របស់​មីយ៉ាន់ម៉ា៕