សម្តេច ពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានធ្វើការចេញបញ្ជាឱ្យស្វែងរកអ្នកមានវិជ្ជមានកូវីដ-១៩ ប៉ុន្តែនៅតែបន្តមកចាក់វ៉ាក់សាំង ដែល សម្តេចបានចាត់ទុកថា ជាចេតនាបង្កមហន្តរាយ យ៉ាងធ្ងន់ធ្ងរដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់ជាតិ។

កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១ សម្តេចពិជ័យសេនា បានថ្លែងតាមរយៈសារជាសំឡេងដោយមានខ្លឹមសារថា៖ ''នេះមិនមែនជារឿងធម្មតាទេនាំការចម្លង ដល់អ្នកដែលធ្វើប្រតិបត្តិការដែលជាគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ គឺមានចេតនាយ៉ាងណាដែរ តាមផ្លូវច្បាប់គឺមិនអាចនៅស្ងៀមបានទេ ត្រូវចាត់ចែងបញ្ហានេះឱ្យបានច្បាស់។ ប្រសិនបើដឹងច្បាស់ហើយមានកូវីដនៅក្នុងខ្លួនហើយ មកចាក់វ៉ាក់សាំងទៀត គឺត្រូវទទួលខុសត្រូវ គឺនាំការមហន្តរាយដល់អ្នកប្រតិបត្តិការទាំងឡាយនិងអាចធ្វើឱ្យខូចដល់ការងារធំតែម្តង សូមគ្រប់គ្នាទាំងអស់ត្រូវតែដំណើរការរឿងនេះឱ្យបានហ្មត់ចត់ជាទីបំផុត''។

គួរបញ្ជាក់ផងដែរថាកន្លងទៅ មានករណីរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ បានទៅចាក់វ៉ាក់សាំងនៅតាមគោលដៅចាក់វ៉ាក់សាំងការពារកូវីដ ដែលជាករណីបង្កផលរំខានយ៉ាងខ្លាំងទៅដល់យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ស្របពេលដែល សម្តេច តេជោ នាយករដ្ឋមន្រ្តី បានដាក់បទបញ្ជាទៅអង្គភាពកងទ័ព ត្រូវចាក់វ៉ាក់សាំងជូនប្រជាជននៅក្នុងតំបន់ក្រហមឱ្យបាន ៥២មុឺននាក់៕