ករណីរកឃើញវិជ្ជមានកូវីដ ៣នាក់ នៅឃុំតាំងយ៉ាប ក្នុងនោះមានស្ត្រីវ័យ ៦១ឆ្នាំម្នាក់ ដែលជាអ្នកលក់អាវជជុះ ម្តុំរោងចក្រមួយ នៅស្ទឹងមានជ័យ បានត្រឡប់មកស្រុក មិនបានប៉ុន្មានថ្ងៃ តេស្តឃើញមានវិជ្ជមានកូវីដ១៩។ នេះបើតាមប្រភពព័ត៌មានពី ហ្វេសប៊ុកផេក តាំងយ៉ាប ឃុំខ្ញុំ។

នៅថ្ងៃទី ២១ ឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកព្រៃកប្បាស បានផ្ញើលិខិតជូនអភិបាលខេត្តតាកែវពីករណីរកឃើញ អ្នកជំងឺកូវីដ ៤ នាក់ ដែលក្នុងចំណោមអ្នកទាំង៤ មានស្ត្រីវ័យ ៦១ឆ្នាំម្នាក់ទើបមកពីរាជធានីភ្នំពេញ ដែលមានអាស័យដ្ឋាននៅ ភូមិអង្គរវាយ ឃុំតាំងយ៉ាប ។

ស្ត្រីរូបនេះបានមកដល់ផ្ទះនៅភូមិអង្គរវាយ នាព្រឹកថ្ងៃទី ១១ ខែឧសភា ដោយរថយន្តតាក់ស៊ី កុង គក់។ នៅល្ងាចថ្ងៃដដែល គាត់មានអាការៈមិនស្រួលខ្លួន ឲ្យចៅជូនទៅដាក់សេរ៉ូម ២ផ្លោក នៅផ្ទះពេទ្យ អោក សុខឡា ភូមិកែវចំរើន។ លុះដល់ព្រឹកថ្ងៃទី១២ ឲ្យចៅជូនទៅទិញម្ហូបនៅផ្សារសៃវ៉ា។ ដោយអាការៈមិនស្រួល ក៏ជួលកង់បី ពូ ម៉ម វុទ្ធី ក្នុងភូមិ មកពេទ្យបង្អែកស្រុក ពេទ្យយកសំណាកដោយឧបករណ៍តេស្តរហ័ស ឃើញគាត់មានកើត COVID-19។

បច្ចុប្បន្ន អាជ្ញាធរបានបញ្ជូនអ្នកជំងឺខាងលើ ទៅកាន់មន្ទីរពេទ្យដើម្បីសម្រាកព្យាបាល និងស្វែងរកអ្នកប៉ះពាល់ដ៏ទៃទៀត។ យ៉ាងណា រដ្ឋបាលស្រុកក៏បានអំពាវនាវដល់បងប្អូនពលរដ្ឋដែលមានការពាក់ព័ន្ធជាមួយបុគ្គលខាងលើ ឬមានរោគសញ្ញាសង្ស័យ សូមធ្វើការទំនាក់ទំនងជាបន្ទាន់មកកាន់ក្រុមគ្រូពេទ្យ​ដើម្បីធ្វើតេស្ត យកសំណាក និងព្យាបាលបានទាន់ពេលវេលា ៕