ខ្លា​លេង​សៀក​២​ក្បាល​ត្រូវបាន​បាញ់សម្លាប់​ក្រោយពី​ពួក​វា​បាន​រត់គេចខ្លួន​និង​ខាំ​សម្លាប់​អ្នក​មើល​ថែរក្សា​វា​នៅ​ចិន​។​ ខ្លា​នេះ​ជា​របស់​ក្រុម​សម្តែង​សៀក​មួយ​ដែល​ត្រូវបាន​ជួល​ទៅលេង​នៅ​កន្លែង​ទេសចរណ៍​មួយ​ក្នុង​ក្រុង​ណាន់​យ៉ាង​ក្នុង​ខេត្ត​ហឺ​ណាន​។​

បុគ្គលិក​ក្រុម​សៀក​ម្នាក់​​បាន​អោយ​ចំណី​ខ្លា​ទាំង​នេះ​តែ​វា​បាន​រួច​ចេញពី​ទ្រុង​និង​ហក់​ខាំ​អ្នក​មើល​ថែ​របស់​វា បណ្តាលអោយ​របួសធ្ងន់​និង​ស្លាប់​នៅ​មន្ទីរពេទ្យ​។​ ​បន្ទាប់​ពី​ខ្លា​រួច​ចេញពី​ទ្រុង ពួក​អ្នកស្រុក​បាន​នាំគ្នា​ភៀសខ្លួន​ហើយ​អាជ្ញាធរ​តាម​ប្រមាញ់​។​

ការព្យាយាម​ចាប់​វា​ទាំង​រស់​មកវិញ​បាន​បរាជ័យ​នាំអោយ​អាជ្ញាធរ​បង្ខំចិត្ត​បាញ់​ពួក​វា​ងាប់​កាលពី​រសៀល​ថ្ងៃ​អង្គារ​ទី​២៥​ឧសភា​។​ ហេតុការណ៍នេះបាន​កើតឡើង​បន្ទាប់​ពី​ខ្លា​៣​ក្បាល​បាន​រួច​ពី​ទ្រុង ដោយ​១ក្បាល​គេចខ្លួន​ដល់​សព្វថ្ងៃ​នៅ​ក្នុង​ហេតុការណ៍​ផ្សេងមួយទៀត​នៅ​ចិន​ភាគខាងកើត​៕