ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាហាក់កើនឡើងកាន់តែច្រើនទៅៗ ខណៈនៅអ្នកជំងឺកូវីដក៏កើនឡើងវិញផងដែរ គិតត្រឹមប្រកាសថ្ងៃទី០១ ខែមិថុនា ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសថាមានអ្នកជំងឺ ១០នាក់បន្ថែមទៀត បានស្លាប់ដោយសារជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ។ ការស្លាប់របស់ពលរដ្ឋខ្មែរ ១០នាក់នៅថ្ងៃនេះ ធ្វើឲ្យអ្នកស្លាប់សរុបដោយកូវីដ-១៩ ចំនួន២៣០នាក់ គិតមកត្រឹមវេលារសៀលថ្ងៃនេះ។

គួរបញ្ជាក់ថា គ្រាន់តែចូលថ្ងៃដំបូង នៃដើមខែមិថុនា ២០២១ នេះ ចំនួន អ្នកឆ្លងស្ថិតនៅកម្រិត ៦០០ទៅ ៧០០ នាក់ ដែលក្នុងនោះចំនួនអ្នកឆ្លងនៅភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តមួយចំនួន បានរកឃើញចំនួនអ្នកឆ្លងមានការកើនឡើងយ៉ាងច្រើនផងដែរ។ ក្នុងនោះ រដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលបានពួតគ្នា មិនញញើតដៃប្រឆាំងតបតរជាមួយជំងឺដ៏កាចសាហាវមួយនេះ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមក្នុងការពារ និងអនុវត្តឲ្យបាននូវវិធានការការពារសុខភាព ៣ការពារ និង ៣កុំ ៕