ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះយកសំណាកធ្វើតេស្ត អ្នកបើកបររថយន្តដឹកអ្នកដំណើរ(អ្នករត់តាក់ស៊ី) និង អ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវិដ១៩ ចំនួន ១២០នាក់ លទ្ធផលតេស្ត គឺអវិជ្ជមានទាំងអស់ ។ ក្រោយដឹងលទ្ធផលពេលនេះអ្នកបើកបររថយន្តតាក់ស៊ីនៅខេត្តកំពង់ឆ្នាំង ត្រូវបានអនុញ្ញាតឲ្យដឹកភ្ញៀវជាធម្មតាវិញហើយ ។

មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកបើកបរ រថយន្តតាក់ស៊ី ដែលបានធ្វើសេត្ត គឺអវិជ្ជមានទាំងអស់។ ពួកគាត់ត្រូវបានអនុញ្ញាត្តឲ្យត្រឡប់ទៅផ្ទះវិញ ហើយក៏មិនតម្រូវឲ្យធ្វើចត្តាឡីស័កដែរ ដោយពួកគាត់គ្រាន់តែជាអ្នករត់តាក់ស៊ីនៅក្នុងបរិវេនចំណតរថយន្តរថយន្តតែប៉ុណ្ណោះ ។ ហើយពួកគាត់អាចបន្តដឹកភ្ញៀវបាន ប៉ុន្តែតម្រូវឲ្យអ្នកបើកបររថយន្តតាក់ស៊ីទាំងអស់ត្រូវពាក់ម៉ាស់មានអាល់កុលសម្រាប់ឲ្យភ្ញៀវលាងសំអាតដៃមុនឡើងជិះរថយន្ត និង ចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

សូមរំលឹកថា ដោយមើលឃើញពីស្ថានភាពជំងឺកូវីដ-១៩ កំពុងឆ្លងរីករាលដាលយ៉ាងខ្លាំងឆ្លងតាមរយៈអ្នកបើកបររថយន្តតាក់ស៊ី ពីកំពង់ឆ្នាំង ទៅកាន់រាជធានីភ្នំពេញ ពីរាជធានីភ្នំពេញ មកកំពង់ឆ្នាំង និងទៅកាន់កន្លែងផ្សេងៗទៀត ហេតុនេះបានអាជ្ញាធរខេត្តធ្វើតេស្តរកមេរោគកូវីដ១៩ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩កាន់តែធ្ងន់ធ្ងរ៕