​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Euro 2020 ​នៅ​វេលា​ម៉ោង​​២​រំលង​អាធ្រាត្រ។

​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម អ្នក​គាំទ្រ​បារាំង​បុក​ពោះ​ខ្លាំង ​ដោយសារ​តែ​កីឡាករ​សំខាន់​២​នាក់​នៅ​តំបន់​ប្រយុទ្ធ​សុទ្ធ​តែ​បាន​រង​របួស។ ​ខ្សែ​ប្រយុទ្ធ ​Karim Benzema និង ​Antoine Griezmann ​បាន​រង​របួស​អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម​បុលការី​ក្នុង​ជំនួប​មិត្តភាព។ ដោយ​កីឡាករ​លេង​ឱ្យ​ក្លឹប Real Madrid ​របួស​ជង្គង់ ​ស្រប​ពេល​កីឡាករ​លេង​ឱ្យ Barcelona ​វិញ ​របួស​កែង​ជើង។

​តែ​មក​ដល់​ពេល​នេះ ​ដៃ​គូ​ប្រយុទ្ធ​របស់​ជម្រើស​ជាតិ​បារាំង​ទាំង​ពីរ​សុទ្ធ​តែ​ជា​សះស្បើយ ​និង​អាច​ចូល​លេង​បាន​នៅ​រាត្រី​នេះ ប្រសិន​បើ​លោក Deschamps ​ដាក់​ឱ្យ​ចូល​លេង។ ស្រប​ពេល Mbappe ​និង Giroud ​ដែល​មាន​បញ្ហា​នឹង​គ្នា​នោះ​ក៏​បាន​ដោះ​ស្រាយ​រួច​រាល់​អស់​ហើយ​ដែរ។ ​ដូច្នេះ​នៅ​រាត្រី​នេះ ​អាច​និយាយ​បាន​ថា បារាំង​ពេញ​ជើង​ហើយ​ដើម្បី​តតាំង​ជាមួយ​អាល្លឺម៉ង់។

​រំលឹក​ថយ​ក្រោយ​បន្តិច​ថា ​ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ ​បាន​ប៉ះ​គ្នា​៥​ដង​មក​ហើយ​ក្នុង​ពាន​រង្វាន់​ធំ​ផ្លូវ​ការ តែ​នេះ​ជា​លើក​ដំបូង​ដែល​ស្ថិត​ក្នុង​ពូល​ជាមួយ​គ្នា។ ​ខណៈ​ដែល​៦​ដង​កន្លង​មក ​ក្រុម​បារាំង​ឈ្នះ​២​ដង ​អាល្លឺម៉ង​ឈ្នះ​២​ដង ​និង​ស្មើ​គ្នា​១​ដង។ ​កាល​នៅ Euro 2016 ​កន្លង​ទៅ បារាំង​បាន​ឈ្នះ ២-០ ​ដោយ​កាល​នោះ Griezmann ​ជា​អ្នក​រក​បាន​ទាំង​២​គ្រាប់៕