យោងតាមសេចក្តីប្រកាស ដែលចេញដោយក្រសួងសុខាភិបាល នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១ ស្តីពី ការដាក់ឲ្យប្រើនិតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះគឺបានសម្រេច ដាក់ឲ្យប្រើនិតិវិធីប្រតិបត្តស្តង់ដា​សម្រាប់ការគ្រប់គ្រង ​ថែទាំ និងព្យបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ ជាជំហានដំបូងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (នេះបើតាមមាត្រា១ ក្នុងសេចក្តីប្រកាស)។ យ៉ាងណាមិញ ការអនុញ្ញាតិឲ្យមានការព្យាបាលដោយខ្លួនឯងនៅផ្ទះ សម្រាប់ភូមិសាស្ត្រខេត្តផ្សេងទៀត ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសុខាភិបាលនៅពេលក្រោយ ផ្អែកលើកម្រិតនៃការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រនោះ (នេះនៅក្នុងមាត្រា២ នៃសេចក្តីប្រកាស)។

សម្រាប់អ្នកជំងឺកូវីដ១៩ អាចអនុវត្តការមើលថែដោយខ្លួនឯងផ្ទាល់ នៅផ្ទះបាន ៖

១. ព្រមធ្វើកិច្ចសន្យាយលព្រមធ្វើការព្យាបាលនៅផ្ទះ

២. រក្សាអនាម័យល្អខ្ជាប់ខ្ជួនក្នុងកន្លែងរស់នៅ, ធ្វើអនាម័យផ្លូវដង្ហើម, ធ្វើអនាម័យដៃជាមួយអាល់កុល ឬជាមួយសាប៊ូ និងទឹកឲ្យបានញឹកញាប់

៣. តាមដានរោគសញ្ញា ៖ វាស់កំដៅ រៀងរាល់ព្រឹក និងល្ងាច (ប្រសិនបើកំដៅលើសពី ៣៧,៥ អង្សា ឬមានសញ្ញាដូចជា ហត់ ពិបាកដកដង្ហើម អស់កម្លាំងខ្លាំង រវើរវាយ ចុកទ្រូង ត្រូវទាក់ទងទៅគ្រូពេទ្យដែលទទួលបន្ទុកភ្លាម

៤. រស់នៅដាច់ដោយឡែក

៥. ថែរក្សាសុខភាព ផ្លូវកាយ និងផ្លូវចិត្តឲ្យបានល្អ

៦. រាល់កាកសំណល់របស់អ្នកជំងឺកូវីដ១៩ ត្រូវវេចខ្ចប់ឲ្យបានជិតល្អ និងដាក់ដោយឡែក ពីសម្រាមរបស់សមាជិកក្នុងគ្រួសារ

៧. អ្នកជំងឺកូវីដ១៩ ត្រូវរក្សាទំនាក់ទំនង ជាមួយគ្រូពេទ្យតាមរយៈទូរសព្ទ តេឡេក្រាម ឬហ្វេសប៊ុក (messenger) និងកម្មវិធីចត្តាឡីស័កខ្មែរ [Khmer Quarentine App]។ អ្នកជំងឺកូវិដ១៩ ក៏អាចទាក់ទងទូរសព្ទទាន់ហេតុការ ១២២២ ដោយឥតគិតថ្លៃ ៕