ផ្សារព្រះដាក់ត្រូវបានរើទៅកាន់ទីតាំងថ្មីមួយជាបណ្តោះអាសន្នសិនសម្រាប់រយៈពេល១ខែ ដើម្បីបញ្ជៀសហានិភ័យនៃការរីករាលដាលឆ្លងនៃមេរោគកូវីដនៅក្នុងសហគមន៍ ដោយហេតុតែទីតាំងបច្ចុប្បន្នមានភាពតូចចង្អៀត និងមិនមានខ្យល់ចេញចូលបានល្អ ជាពិសេសក្នុងកាលៈទេសៈដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ត្រូវមានការប្រុងប្រយត្ន័ខ្ពស់មិនឱ្យមានផ្ទុះឆ្លងនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលកំពុងរង់ចាំការចាក់វ៉ាក់សាំងដូសទី២។ នេះដោយយោងតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ។

ការរៀបចំនៅលើផ្លូវបេតុងថ្មីនេះនឹងផ្តល់ភាពងាយស្រួលដល់អ្នកព្រះដាក់ក្នុងការទិញអីវ៉ាន់បំពេញតម្រូវការចាំបាច់របស់ខ្លួន និងអនុញ្ញាតឱ្យបងប្អូនអាជីវករជាអ្នកលក់ដូរនៅក្នុងផ្សារ អាចបន្តមុខរបរប្រចាំថ្ងៃរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមទៅលើជីវភាពរបស់ពួកគាត់ផងដែរ។

កន្លែងលក់បណ្តោះអាសន្ននេះនឹងធ្វើឡើងតែក្នុងរយៈពេលមួយខែប៉ុណ្ណោះ ដែលរៀបចំជារបៀប”ផ្សារក្រមួន” នៅលើទីវាល មានគម្លាតត្រឹមត្រូវ ហើយក្រុមការងារសហគមន៍នឹងផ្តល់ការសម្របសម្រួលគ្រប់រូបភាព ទាំងលើបញ្ហាសណ្តាប់ធ្នាប់ សំរាម ចំណត និងការគ្រប់គ្រងទូទៅផ្សេងៗទៀត។

បន្ទាប់ពី១ខែនេះ ពួកគាត់អាចវិលទៅរកទីតាំងចាស់វិញបាន ហើយក៏នឹងមានហានិភ័យទាបដែរនៅពេលនោះ ដោយហេតុតែយុទ្ធនាការចាក់វ៉ាក់សាំងនឹងត្រូវបានបញ្ចប់ ហើយប្រជាពលពលរដ្ឋគ្រប់គ្នាសុទ្ធតែបានចាក់រួចរាល់ហើយ៕