Juventus ត្រូវ​បាន​រាយការណ៍​ថា កំពុង​ពិចារណា​​ដាក់​ស្នើ Cristiano Ronaldo ទៅ​កាន់​ក្លឹប Paris Saint Germain ជា​ផ្នែក​នៃ​​កិច្ចព្រមព្រៀង​ដោះដូរ​ជាមួយ​​កីឡាករ Mauro Icardi ក្នុង​រដូវ​ក្ដៅ​នេះ។

Ronaldo នៅ​សល់​កុងត្រា​មួយ​ឆ្នាំ​ទៀត ហើយ​កំពុង​ប្រឈម​មុខ​​ជាមួយ​អនាគត​មិន​ច្បាស់លាស់​​ជាមួយ​អ្នក​ចាត់​ការ​ថ្មី​លោក Massimiliano Allegri ដែល​មាន​គម្រោង​​ចង់​ផ្លាស់​ប្ដូរ​ក្រុម​មុន​រដូវ​កាល​ថ្មី​ចាប់​ផ្ដើម។

យោង​តាម​សារព័ត៌មាន​បារាំង​ L’Equipe ឲ្យ​ដឹង​ថា Ronaldo អាច​ក្លាយ​ជា​ផ្នែក​​នៃ​ការ​ដោះដូរ ជាមួយ Icardi ដែល Juventus ចាប់​អារម្មណ៍​យូរ​មក​ហើយ​នោះ។ Juventus ពេញ​ចិត្ត​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​​​វ័យ​២៨​ឆ្នាំ​យូរ​ណាស់​មក​ហើយ ប៉ុន្តេ​​ខកខាន​មិន​អាច​ទិញ​បាន​កាល​ពី​រដូវ​កាល​មុន ដោយ​គេ​សម្រេច​ទៅ​ចូលរួម​ជាមួយ PSG។

កុងត្រា​របស់ Ronaldo បច្ចុប្បន្ន​ទទួល​បាន​ថ្លៃ​នឿយហត់​៣,៨​លាន​ផោន​ក្នុង​មួយ​ខែ ហើយ​ដោយ​សារ​កំពុង​ជួប​​បញ្ហា​ហិរញ្ញវត្ថុ Juventus ទំនង​នឹង​ពិបាក​​ស្នើ​ផ្ដល់​កុងត្រា​ថ្មី​ឲ្យ​​គេ​ណាស់។ ប្រសិន​បើ​ក្លឹប​មិន​លក់ Ronaldo នៅ​ពេល​នេះ​ទេ នៅ​រដូវ​កាល​ក្រោយ​គេ​នឹង​ដើរ​ចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន៕