ក្រុមឡានធំដឹកដីនៅផ្លូវ៦០ម៉ែត្រនាំគ្នាតវ៉ាស្នើសុំកិច្ចអន្តរាគមន៍ពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណ:ការ និងដឹកជញ្ជូន និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យជួយដោយះស្រាយករណីជញ្ចីងថ្លឹងឡានដឹកដីរបស់ពួកគាត់ និងតវ៉ាសុំឲ្យក្រសួងបន្ថែមចំនួនផ្ទុកឲ្យបានលើសមុន។ ការតវ៉ានេះ ធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។

តាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាថ្ងៃទី២០ កក្កដា ២០២១នេះបានឲ្យដឹងថា តំណាងរបស់យានយន្តដឹកជញ្ជូនចំនួន៥រូបបានស្នើសុំដំណោះស្រាយ ៣ចំណុច ក្នុងនោះគឺដែលខុសពីច្បាប់ និងឯកសារគតិយុត្តិ៖

១. ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៥៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៥ (V1) ដែលក្នុងច្បាប់កំណត់ត្រឹមតែ៤០តោន

  • ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៤៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៤ ដែលក្នុងច្បាប់កំណត់ត្រឹមតែ៣០តោន

  • ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៣៥តោន (បន្ថែម១០តោន) ចំពោះប្រភេទយានយន្តភ្លៅ៣ ដែលក្នុងច្បាប់កំណត់ត្រឹមតែ២៥តោន

  • និងស្នើសុំផ្ទុកទម្ងន់សរុបដល់ ២៥តោន (បន្ថែម៩តោន) ចំពោះប្រភេទយានយន្តភ្លៅ២ ដែលក្នុងច្បាប់កំណត់ត្រឹមតែ ១៦តោន។

២. ស្នើសុំត្រឹមកុំឱ្យមានឃាត់យានយន្តចំនួនមួយឆ្នាំដោយសុំត្រឹមតែពិន័យជាថវិកា

៣. ស្នើសុំដោះលែងយានយន្តទាំងឡាយណាដែលកំពុងឃាត់ទុកមួយឆ្នាំឱ្យចរាចរណ៍ដឹកជញ្ជូនបាន។

ជាការឆ្លើយតប ក្រសួងបានទទួលពិនិត្យសំណូមពរទាំង៣ចំណុចខាងលើ ហើយក្រសួងនឹងពិភាក្សាស្វែងរកដំណោះស្រាយសមស្របណាមួយជូន៕