លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC និង CAMAPGOC និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ម្សិលមិញនេះ បាន

អញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សា និងត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំពិធីបើក-បិទ ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១។


ពិធីបើក និងបិទ ជាកត្តាសំខាន់ ដែលអង្គប្រជុំបានយកចិត្តទុកដាក់ខ្លាំង ។ ពិធីបើក និងបិទ ដែលធ្វើនៅពហុកីឡដ្ឋានជាតិ មរតកតេជោនោះ នឹងមានការសាកល្បង ចំនួន ២ លើកដែលលើកទី១ ធ្វើនៅថ្ងៃទី១៩ និងលើកទី២ ថ្ងៃទី២០ វិច្ឆិកា។


កិច្ចប្រជុំនេះ មានភាគីពាក់ព័ន្ធជាច្រើន ចូលរួម រួមមាន លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងសាលារាជធានីភ្នំពេញ ភាគីទីតាំងរៀបចំ និងអាជ្ញាធរពាក់ព័ន្ធ។ ក្នុងកិច្ចប្រជុំនេះ មានការបែងចែកការងារ ជាក្រុមតូចៗ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងធានាឲ្យបាន នូវការអនុវត្តប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍សាកល្បង នៃដំណើរឆ្ពោះទៅស៊ីហ្គេម- អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នេះ។


លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និង NOCC បានមានប្រសាសន៍ថាៈ ពិធីបើកកីឡាជាតិ និងកីឡាជនពិការជាតិនេះ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ នេះគឺជាការផ្ដល់ នូវកិត្តិយស ដ៏ខ្ពង់ខ្ពស់ ហើយក៏ជាការជំរុញ ឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ដើម្បីជំរុញឲ្យការរៀបចំដំណើរការ ដោយរលូន និងទទួលបានជោគជ័យ។


ការរៀបចំ ត្រូវមានសណ្ដាប់ធ្នាប់ និងសុវត្ថិភាពហើយការចូលរួម ត្រូវមានការចាត់តាំងត្រឹមត្រូវ ជាក់ស្ដែង មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង ៤ ម៉ឺននាក់ នឹងត្រូវចូលរួមពិធីបើក ខាងលើ។ ដូច្នេះ ការរៀបចំ ត្រូវមានភាពហ្មត់ចត់បំផុត។ រីឯការរៀបចំតុបតែងនូវប្រព័ន្ធភ្លើង តន្ដ្រី កាំជ្រួច ក៏ដូចជា ការសម្ដែងកំពុងធ្វើការហាត់សមទៀតផង ដោយមានមនុស្សចូលរួមសម្ដែង ប្រមាណជាង ២ ពាន់នាក់ ក្នុងនោះជាង ១ពាន់នាក់ គឺជាកម្លាំងនាយកដ្ឋានអង្គរក្ស។


លោក វ៉ាត់ ចំរើន បានបន្ដថាៈ ” កិច្ចប្រជុំនេះ យើងបានផ្ដល់នូវ ព័ត៌មានជាច្រើន ហើយតាមបទពិសោធន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដមបណ្ឌិតថោង ខុន គឺបានណែនាំច្រើនណាស់ ក្នុងការរៀបចំ ពិធីបើក បិទ ពិសេសគឺ សុវត្ថិភាពនិងការធ្វើឲ្យទស្សនីយភាព មានលក្ខណៈពិសេស និងអស្ចារ្យនៅក្នុងពិធីបើក បិទរបស់យើង»។ ចំពោះការងារសន្ដិសុខ សណ្ដាប់ធ្នាប់ រួមទាំង ចំណតយានយន្ត ច្រកចេញ-ចូល ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដូចគ្នា “៕