ក្នុងជំនួបពិភាក្សាការងារនោះ លោក Peter Vogelmann នាយកផ្នែកលក់អន្តរជាតិ ក្រុមហ៊ុនអ៊ឺរ៉ុប Doppelmayr Group បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅភូមិសាស្ត្ររាជធានីភ្នំពេញផ្ទាល់ ដែលមាននិន្នាការ ងាកទៅរកការដឹកជញ្ជូនរួមមួយ ប្រកបដោយនិរន្តភាព(Sustainability) និងការគិតគូរដល់បរិស្ថាន(Environmental Friendly)។

ទន្ទឹមជាមួយគ្នានេះដែរ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញចំណាប់អារម្មណ៍លើគម្រោងដែល ក្រុមហ៊ុនលើកយកមកបង្ហាញ និងបានគូសបញ្ជាក់ពីវិស័យដឹកជញ្ជូនសាធារណៈ ដែលក្រសួងសាធារណការ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងខិតខំប្រឹងប្រែងគិតគូរ និង ស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងទីប្រជុំជនឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។


លោកបន្ថែមថា ទំនោរនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ របស់ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នៅមានកម្រិតនៅឡើយ ប៉ុន្តែក្រសួងនៅតែបន្តបញ្ជ្រាបការយល់ដឹង ពីគុណសម្បត្តិនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈទៅកាន់ពួកគាត់ ហើយសង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគតប្រជាពលរដ្ឋគ្រប់រូប នឹងផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈនេះបានកាន់តែច្រើនឡើង។ លោកបញ្ជាក់ទៀតថា ក្រសួងបានធ្វើការសិក្សា លើគម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុង ក៏ដូចជាកំពុងស្វែងរកដៃគូវិនិយោគបន្ថែមដើម្បីអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានភាពរីកចម្រើន ក្នុងនាមជាប្រទេសដែលកំពុងអភិវឌ្ឍមួយក្នុងតំបន់។