អង់គ្លេស ប្រកាសផ្តល់ឧទ្ធម្ភាគចក្រ Sea King ឲ្យអ៊ុយក្រែន ជាលើកដំបូង

ក្រសួងការពារជាតិអង់គ្លេសបានប្រកាសថា ទីក្រុងឡុងដ៍ នឹងបញ្ជូនឧទ្ធម្ភាគចក្រទៅកាន់ប្រទេសអ៊ុយក្រែនជាលើកដំបូង ចាប់តាំងពីសង្គ្រាមផ្ទុះឡើង។
រដ្ឋមន្ត្រីការពារជាតិ Ben Wallace បាននិយាយថា វានឹងក្លាយជាឧទ្ធម្ភាគចក្រលើកដំបូង ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសហែកហួរដោយសង្រ្គាម ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី។
យោងតាម BBC, ឧទ្ធម្ភាគចក្រ Sea King ចំនួនបីគ្រឿង នឹងត្រូវបានផ្តល់ជូន។
លោក Wallace បានធ្វើសេចក្តីប្រកាសនេះចេញពីទីក្រុង អូស្លូ ជាកន្លែងដែលលោកកំពុងជួបសម្ព័ន្ធមិត្ត ដើម្បីពិភាក្សាអំពីការគាំទ្រផ្នែកយោធាជាបន្ត សម្រាប់ទីក្រុង កៀវ។ លោកបន្ថែមថា ចក្រភពអង់គ្លេសក៏នឹងបញ្ជូនគ្រាប់កាំភ្លើងធំចំនួន ១០ ០០០ គ្រាប់បន្ថែមទៀតផងដែរ។
នុងអំឡុងដំណើរទស្សនកិច្ចទៅប្រទេសន័រវែស លោក Wallace និយាយថា “ការគាំទ្ររបស់យើងចំពោះអ៊ុយក្រែនគឺមិនប្រែប្រួលឡើយ។ គ្រាប់កាំភ្លើងធំបន្ថែមទាំងនេះ នឹងជួយអ៊ុយក្រែនក្នុងការការពារទឹកដីដែលខ្លួនដណ្តើមយកមកវិញពីរុស្ស៊ី នារយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ”។
ក្រសួងការពារជាតិប្រកាសថា កងទ័ពជើងទឹកអង់គ្លេស បានផ្តល់ការហ្វឹកហ្វឺនរយៈពេលប្រាំមួយសប្តាហ៍ដល់កងកម្លាំងប្រដាប់អាវុធ និងវិស្វករអ៊ុយក្រែន ក្នុងការប្រតិបត្តិការឧទ្ធម្ភាគចក្រ Sea King។
គួរបញ្ជាក់ថា ការគាំទ្រថ្មីនេះ ធ្វើឡើងបន្ទាប់ពីអង់គ្លេសប្ដេជ្ញាចិត្ត ផ្តល់មីស៊ីលបាញ់ពីដីទៅអាកាសចំនួន១០០០គ្រាប់ និងកាំភ្លើងប្រឆាំងយន្តហោះចំនួន ១២៥ដើម៕