ក្រសួងសាធារណការ និងដឹកជញ្ជូន ទើបតែប្រកាសពីកម្មវិធីថ្មីមួយទៀត នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ ដែលជាកម្មវិធី​មួយ សម្រាប់ប្រជាពលរដ្ឋអាច​រាយការណ៍ពីស្ថានភាពផ្លូវគ្រប់ទីកន្លែង មិនថា​ក្នុង​តំបន់​ខ្លួន​រស់​នៅ ឬផ្លូវដែល​គាត់​​ធ្វើ​ដំណើរ​​ឆ្លងកាត់ ក្នុងន័យ​ដើម្បី​អាច​ផ្តល់​ដំណឹង​​ជូន​​ក្រសួង​​ចាត់វិធានការ​​បាន​​ទាន់​ពេលវេលា។

យោងតាមការផ្សព្វផ្សាយនៅលើផេកផ្លូវការរបស់ ក្រសួងសាធារណការ​ និងដឹកជញ្ជូន បានឱ្យដឹងថា ROAD CARE Mobile App ជាកម្មវិធីថែទាំផ្លូវលើ​ស្មាតហ្វូនថ្មីមួយ ដែលសាធារណជន​អាច​ថត​ពី​ស្ថានភាពផ្លូវ​ដែល​ខូចៗ រាយការណ៍ មកកាន់​ក្រសួងសាធារណការ និងដឹកជញ្ជូនបាន ដោយគ្រាន់តែ​តំឡើង​កម្មវិធីនេះ និងធ្វើតាមការណែនាំក្នុងកម្មវិធី។


តាមរយៈកម្មវិធីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន គូសបញ្ជាក់ទៀតថា បងប្អូនប្រជាពលរដ្ឋ មិនត្រឹមតែអាច ថតរូបភាពរាយការណ៍ ពីស្ថានភាពផ្លូវខូចខាតប៉ុណ្ណោះទេ គឺថែមទាំងអាចចូលរួមសហការរាយការណ៍ ពី​ផ្លូវដែលត្រូវ ជួសជុលថែទាំ និងសញ្ញាចរាចរណ៍ បានថែមទៀតផង។


គួរបញ្ជាក់ថា លោកអ្នកទាញយក និងដំឡើងកម្មវិធីនេះ ដោយឥតគិតថ្លៃពីតាមរយៈ Link ខាងក្រោមនេះ៖


App Store: roadcare.mpwt.gov.kh/ios

Play Store: roadcare.mpwt.gov.kh/android

សម្រាប់ព័ត៌មានបន្ថែម គឺអាចទំនាក់ទំនងទៅកាន់លេខ 1275 ៕