កម្មករ-កម្មការិនីដែលត្រូវព្យួរកិច្ចសន្យាការងារនឹងទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ ចាប់ពីខែមេសា ឆ្នាំ២០២៣តទៅ ដោយទទួលបានពីរាជរដ្ឋាភិបាលចំនួន៤០ដុល្លារ និងពីខាងរោងចក្រចំនួន៣០ដុល្លារ ដែលមានចំនួនសរុប៧០ដុល្លារអាម៉េរិកក្នុងមួយខែ អំឡុងពេលពួកគេត្រូវបានរោងចក្រព្យួរកិច្ចសន្យាការងារនោះ។


ការឧបត្ថម្ភនេះត្រូវបានសម្រេចឡើងវិញក្នុងកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដោយមានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសមាគមនិយោជកដែលពាក់ព័ន្ធនឹងវិស័យកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។


កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សគ្នាក្នុងការសហការរៀបចំ ការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតដែលត្រូវបានរោងចក្រព្យួរកិច្ចសន្យាការងារក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចជាសកល ហើយក៏ដើម្បីអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។


លោករដ្ឋមន្ត្រី អ៉ិត សំហេង បានបញ្ជាក់ថា កិច្ចប្រជុំបានឯកភាពគ្នាលើសេណារីយ៉ូនៃការអនុវត្តនូវកិច្ចអន្តរាគមន៍ផ្តល់សាច់ប្រាក់ដល់កម្មករ-កម្មការិនីដែលត្រូវព្យួរកិច្ចសន្យាការងារ ចាប់ពីខែមេសា ឆ្នាំ២០២៣តទៅ ដោយអនុវត្តដូចដែលក្រសួងបានផ្តល់ជូនក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់កម្មករនិយោជិត។

លោករដ្ឋមន្ត្រីបានបន្តថា «អំឡុងពេលដែលរោងចក្របានព្យួរកិច្ចសន្យាការងារនេះ រាជរដ្ឋាភិបាលនឹងចូលរួមឧបត្ថម្ភជាទឹកប្រាក់ចំនួន៤០ដុល្លារអាម៉េរិក និងខាងរោងចក្រឧបត្ថម្ភចំនួន៣០ដុល្លារអាម៉េរិក សរុបចំនួនសរុប៧០ដុល្លារអាម៉េរិកក្នុងមួយខែ»។


កិច្ចប្រជុំក៏បានលើកបង្ហាញនិន្នាការនៃការធ្លាក់ចុះការបញ្ជាទិញ ដោយសារកត្តានៃការចាប់ផ្តើមនូវវិបត្តិសេដ្ឋកិច្ចសកល បង្កមកពីបញ្ហាសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន បន្ថែមទៅលើផលប៉ះពាល់កន្លងមកពីវិបត្តិជំងឺកូវីដ-១៩ផងនោះ ដែលជាហេតុបណ្ដាលឱ្យស្ថានភាពនៃការព្យួរកិច្ចសន្យាការងារបាននិងកំពុងបន្តកើនឡើង ហើយស្ថិតក្នុងស្ថានភាពមួយមិនប្រាកដប្រជាដែលអាចនឹងវិលទៅប្រក្រតីភាពនៅពេលណានោះឡើយ។ បន្ថែមពីនេះការចំណាយផ្សេងៗក៏មិនទាន់អាចកាត់បន្ថយបានសម្រាប់ការផលិត និងការនាំចេញផងដែរ។


តំណាងវិស័យឯកជនបានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលតែងតែផ្តល់នូវការគិតគូរខ្ពស់ជួយសម្រួលដល់វិស័យឯកជន ដើម្បីអាចរក្សាលំនឹងអាជីវកម្មផលិតកម្មរបស់ខ្លួន ហើយជួយដល់កម្មករនិយោជិតអាចរក្សាការងាររបស់ខ្លួន និងប្រាក់ចំណូលដោះស្រាយជីវភាពក្នុងពេលគ្រាមានវិបត្តិកើតឡើង។


បន្ទាប់ពីខាងតំណាងភាគីពាក់ព័ន្ធលើកឡើងពីស្ថានភាពបញ្ហាប្រឈម និងដំណោះស្រាយរួចមក លោក អ៉ិត សំហេង បានទទួលយកនូវសំណូមពរដែលខាងវិស័យឯកជនជួបប្រទះការលំបាក ដើម្បីពិភាក្សាដោះស្រាយជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។


លោករដ្ឋមន្រ្តីបានសម្ដែងនូវការអរគុណចំពោះវិស័យឯកជន ជាពិសេសដៃគូសមាគមនិយោជក ដែលបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងអំឡុងពេលអនុវត្តនូវកញ្ចប់វិធានការរបស់រដ្ឋាភិបាល១០ជុំកន្លងមក ក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩៕


គួរជម្រាបថា ក្នុងពិធីអបអរសាទរទិវានារី អន្តរជាតិ ៨ មីនា ខួបទី១១២ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា មានរោងចក្រចំនួន៧១ដែលបានព្យួរកិច្ចសន្យាការងារ ក្នុងនោះមានកម្មករ-កម្មការិនីចំនួន៣២,០០០នាក់ (ស្ត្រីចំនួន២៦,០០០នាក់)។