ពូទីន៖សំណើរបស់ចិនអាចបញ្ចប់សង្គ្រាម ប៉ុន្តែអ៊ុយក្រែន និងសម្ព័ន្ធមិត្តមិនចង់បានសន្តិភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាននិយាយថា គម្រោងការសន្តិភាពដែលចិនធ្លាប់បានលើកឡើងកន្លងមក អាចប្រើប្រាស់ជាមូលដ្ឋាននៃការបញ្ចប់សង្គ្រាមបាន ប៉ុន្តែលោកខាងលិច និងអ៊ុយក្រែនបែរជាច្រានចោលសំណើមួយនេះទៅវិញ។ នេះបើតាមការចុះផ្សាយពី BBC។
“បទប្បញ្ញត្តិជាច្រើននៃផែនការសន្តិភាពរបស់ចិន អាចត្រូវបានយកជាមូលដ្ឋាន សម្រាប់ការដោះស្រាយជម្លោះនៅអ៊ុយក្រែន នៅពេលណាដែលលោកខាងលិចនិងទីក្រុងគៀវ ត្រៀមខ្លួនសម្រាប់វា”។ នេះបើតាមសម្ដីរបស់លោក ពូទីន។
គួររំលឹកដែរថា ផែនការសន្តិភាពសម្រាប់ជម្លោះនៅអ៊ុយក្រែន ដែលរៀបចំឡើងដោយប្រទេសចិន គឺមាន ១២ ចំណុច ប៉ុន្តែអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច បានច្រានចោលសំណើខាងលើ ដោយអះអាងថា ក្នុងនោះមិនមានបញ្ជាក់ឲ្យរុស្ស៊ីដកកងទ័ពចេញពីប្រទេសអ៊ុយក្រែនឡើយ។
ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ក៏បានចោទចិនថា សំណើសន្តិភាពរបស់ចិន គឺធ្វើឡើងក្នុងគោលបំណងផ្ដល់ផលចំណេញដល់រុស្ស៊ី ដ្បិតបើរុស្ស៊ីអាចរក្សាកងយោធានៅអ៊ុយក្រែនបាន នោះពូទីនអាចពង្រឹងកងកម្លាំងបន្ថែម និងបើកការវាយប្រហារជាថ្មីពេលណាក៏បាន៕