តើតំបន់សេដ្ឋកិច្ចពិសេសគឺជាអ្វី?

តំបន់សេដ្ឋកិច្ចពិសេស ឬជាភាសាអង់គ្លេសហៅថា (Special Economic Zone) គឺជាតំបន់ដែលមានលក្ខខណ្ឌវិនិយោគដាច់ដោយឡែក ហើយត្រូវបានអនុវត្តយោងតាមច្បាប់ ឬបទបញ្ញាតិរបស់រដ្ឋបាលនៃតំបន់នោះផ្ទាល់។ ដោយសារតែមានលក្ខខណ្ឌដាច់ដោយឡែកបែបនេះហើយ ទើបគេហៅថាជាតំបន់សេដ្ឋកិច្ចពិសេស។
ភាគច្រើនតំបន់សេដ្ឋកិច្ចពិសេសនោះជាធម្មតាច្រើនតែធ្វើឡើងចំពោះវិនិយោគិនបរទេសដែលមក បណ្តាក់ទុននៅក្នុងប្រទេសណាមួយ។ ជាទូទៅនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសវិនិយោគិនតែងតែទទួលបានការអនុគ្រោះពន្ធក្នុងការនាំចេញ ឬនាំចូលទាបជាងតំបន់ផ្សេងៗទៀត។
ហេតុអ្វីចាំបាច់បង្កើតតំបន់សេដ្ឋកិច្ចពិសេស?
រដ្ឋាភិបាលមួយចំនួនបង្កើតតំបន់សេដ្ឋកិច្ចពិសេសឡើងក្នុងគោលបំណងទាក់ទាញវិនិយោគបរទេសដោយផ្ទាល់ (Foreign Direct Investment) ដែលនេះជាមធ្យោបាយដ៏មានប្រសិទ្ធិក្នុងការជួយស្រូបទាញទុនបន្ថែមលើវិនិយោគិននៅក្នុងស្រុកដែលមានស្រាប់។
ហេុតផលមួយទៀតគឺដើម្បីធ្វើការប្រកួតប្រជែងទីផ្សារក្នុងតំបន់ និងទីផ្សារអន្តរជាតិដែលផ្តោត សំខាន់ក្នុងការបង្កលក្ខណល្អប្រសើរសម្រាប់ប្រទេសមួយក្នុងការប្រកួតប្រជែងខាងទំនិញសេវាកម្ម និងតម្លៃ។ ក៏ដូចជាការបង្កើនការងារជូនពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិដោយផ្តោតលើការនាំចេញ។
ជាក់ស្ដែងបច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន៤១តំបន់ខណៈបណ្ដាខេត្តមួយចំនួនដែលមានតំបន់សេដ្ឋកិច្ចពិសេស និងបណ្ដុំរោងចក្រ សហគ្រាសច្រើនជាងគេមានដូចជា ខេត្តស្វាយរៀង បន្ទាយមានជ័យ កោះកុង ព្រះសីហនុ និងរាជធានីភ្នំពេញ។
លក្ខណៈទូទៅនៃតំបន់សេដ្ឋកិច្ចពិសេសគឺ៖ តំបន់ពាណិជ្ជកម្មសេរី តំបន់ផលិតទំនិញសម្រាប់នាំចេញ តំបន់សេដ្ឋកិច្ចសេរី សួនឧស្សាហកម្ម តំបន់កំពង់ផែសេរី តំបន់សហគ្រាសទីក្រុង។
សូមរំលឹកផងដែរថារបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថាដំណើរការនៃការចុះបញ្ជីគម្រោងវិនិយោគថ្មីៗ នៅកម្ពុជាបានបង្ហាញថានៅក្នុងឆមាសទី១ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ៩៨គម្រោង ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ៣ពាន់លានដុល្លារ ដែលអាចបង្កើតឱកាសការងារជាង៧ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងនោះគម្រោងវិនិយោគចំនួន១៥គម្រោងគឺបានវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ជាមួយទុនវិនិយោគសរុប៣៦០លានដុល្លារ៕