រយៈពេល៨ខែ នៃឆ្នាំ២០២៣នេះ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានចំនួន ១០ ៣២៩,៧៨ប៊ីលានរៀល (ប្រមាណជា ២៥៥០,៥៦លានដុល្លារ) ស្មើនឹង ៧១,៤១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៣។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែសីហា និងរយៈពេល៨ខែ ឆ្នាំ២០២៣ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ក្នុងខែសីហា ឆ្នាំ២០២៣ ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានប្រមូលបានមានចំនួន ៩៦២ប៊ីលានរៀល (ប្រមាណ ២៣៧,៥៣លានដុល្លារ) ស្មើនឹង ៦,៦% នៃផែនការ។


លោកថា បើគិតរយៈពេល៨ខែ នៃឆ្នាំ២០២៣នេះ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានចំនួន ១០ ៣២៩,៧៨ប៊ីលានរៀល (ប្រមាណជា ២៥៥០,៥៦លានដុល្លារ) ស្មើនឹង ៧១,៤១% នៃផែនការ។


បើតាមលោក គង់ វិបុល ស្ថានភាពចំណូលពន្ធសម្រាប់ខែសីហា សម្រេចបានត្រឹមតែ ៧៩,៨០% នៃគោលដៅប្រមូលចំណូលប្រចាំខែស្របតាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៣។ការណ៍នេះ ជាហានិភ័យដែលបណ្តាលមកពីភាពមិនប្រាកដប្រជា ការប្រែប្រួលបរិបទសេដ្ឋកិច្ចសាកលដែលបង្ករដោយសារការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ប៉ះពាល់ដល់បណ្តាប្រទេសជាប់ប្រភពទុនសម្រាប់វិនិយោគធំៗ មកកម្ពុជា និងធ្វើឱ្យមានកំណើននៃអតិផរណា ដែលអាចជាហានិភ័យក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ ឈានទៅប៉ះពាល់ដល់ចំណូលពន្ធឱ្យបសនគ្រប់តាមផែនការ និងពិសេសមូលដ្ឋានក្នុងការព្យាករផែនការសម្រាប់ឆ្នាំបន្ទាប់។


គួរបញ្ជាក់ថា ការប្រមូលចំណូលពន្ធ រយៈពេល៨ខែ ឆ្នាំ២០២៣នេះ មានការថយចុះ ២២,៦៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ក្នុងនោះ កម្មន្តសាលភេសជ្ជៈ ថយចុះ ២,២៨% អចលនទ្រព្យ ថយចុះ ៩,០៦% ការសាងសង់ ថយចុះ ២,១៥% និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬកាន់កាប់អចលនទ្រព្យ ថយចុះ ២៦,៧៦%៕