កាលពីថ្ងៃពុធ ទី១៣ ខែកញ្ញា ក្រុមហ៊ុនកាហ្វេលំដាប់ពិភពលោក Starbucks បានប្រកាសថា មហាសេដ្ឋី Howard Schultz អតីត CEO ប្រចាំក្រុមហ៊ុន បានសម្រេចចិត្តលាលែងពីតំណែង​នៅក្រុមប្រឹក្សាភិបាលហើយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNN បានរាយការណ៍ថា បើទោះជាលោក Schultz សម្រេចចិត្តចូលនិវត្តន៍ក្ដី ប៉ុន្តែក្រុមហ៊ុន Starbucks នៅតែតែងតាំងលោកជា ប្រធានកិត្តិយសពេញមួយជីវិត។


ការលាលែងតំណែងរបស់មហាសេដ្ឋីអាមេរិករូបនេះ គឺធ្វើឡើងតាមដែលផែនការគ្រោងទុក ខណៈកាលពីខែមីនាកន្លងទៅ លោកក៏បានចុះចេញពីតំណែងជា CEO ប្រចាំក្រុមហ៊ុនផងដែរ។


ជាមួយគ្នានោះ ក្រុមហ៊ុន Starbucks បានអះអាងថា អតីត CEO រូបនេះយកពេលដែលចូលនិវត្តន៍ ដើម្បីជួយការងារភរិយារបស់លោក អ្នកស្រី Sheri សម្រាប់ការវិនិយោគសប្បុរសធម៌ និងសហគ្រិនភាព។