ក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) ដែលវិនិយោគលើការផលិតសម្លៀកបំពាក់, គ្រឿងសំអាង, គ្រឿងឧបភោគ-បរិភោគ ចេញ​ពី​ស៊ុតមាន់ បានបង្ហាញពីបំណងនៃការពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា។


ក្នុងជំនួបកាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លោក គីម មូចូ (Kim Mujo) នាយកក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) បានជម្រាបជូន សម្តេចធិបតីថា ដោយសម្លឹងមើលឃើញសក្តានុពលអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) មានបំណងពង្រីកការវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ជាពិសេស លើវិស័យកសិកម្ម ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះក្រុមហ៊ុន PFI បានបង្ហាញក្តីរីករាយចំពោះគម្រោងរបស់ក្រុមហ៊ុនក្នុងការបោះទុនវិនិយោគនៅកម្ពុជា នាពេលខាងមុខ។


ទន្ទឹមនឹងនោះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះក្រុមហ៊ុន ដែលមានការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបក្នុងការផលិតផលិតផលចេញពីស៊ុតមាន់ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយនាំយកបច្ចេកវិទ្យានេះទៅជាមួយ ដើម្បីជាការផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់ប្រជាកសិករកម្ពុជា ហើយមួយវិញទៀត ការច្នៃប្រឌិតបង្កើតបច្ចេកវិទ្យាថ្មីៗបែបនេះ គឺជាការកាលានុវត្តភាពដ៏ចាំបាច់ក្នុងធានាបាននូវសមត្ថភាពក្នុងការប្រកួតប្រជែងរបស់កម្ពុជា ផងដែរ៕