ក្រុមហ៊ុនអចលនទ្រព្យចិន Country Garden ដែលកំពុងជាប់បំណុល កំពុងប្រកាសលក់ទ្រព្យសម្បត្តិ នៅទីក្រុងក្វាងចូវ សរុបជាទឹកប្រាក់ ៣,៨ពាន់លានយ៉ន់ ឬប្រហែល ៥៣០លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ទ្រព្យសម្បត្តិដែលក្រុមហ៊ុន Country Garden ប្រកាសលក់នោះគឺមានដូចជា សណ្ឋាគារមួយ អគារការិយាល័យចំនួន៤ ផ្សារទំនើបមួយ និងអគារស្នាក់នៅសម្រាប់ជួលចំនួនមួយផងដែរ។


គួររំលឹកបន្តិចថា Country Garden គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឯកជនធំបំផុតនៅប្រទេសចិន ហើយមិនខុសពីក្រុមហ៊ុនដទៃឡើយ ពួកគេបានផុងខ្លួនក្នុងរណ្ដៅបំណុល ដោយសារវិបត្តិអចលនទ្រព្យផ្ទុះឡើងកាលពីពាក់កណ្ដាលឆ្នាំ២០២១។


ជម្រាបបន្ថែមថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Country Garden មានបំណុលបរទេសប្រមាណ ១១ពាន់លានដុល្លារ ហើយពួកគេបានព្យាយាមដោះស្រាយបញ្ហាមួយនេះ តាមរយៈការលក់ភាគហ៊ុន និងទ្រព្យសម្បត្តិនានា ដើម្បីទូទាត់បំណុលទាំងនោះ៕