ពេញមួយឆ្នាំ២០២៣ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានចំនួន ១៤ ៦២៩,១០ ប៊ីលានរៀល (ប្រមាណជា ៣ ៦១២,១២ លានដុល្លារ) ស្មើនឹង ១០១,១៣% នៃផែនការ។

ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងឆ្នាំ២០២៣ និងលើកទិសដៅបន្ត កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោក គង់ វិបុល បានឱ្យដឹងថា កាលប្រមូលពន្ធក្នុងខែធ្នូ ឆ្នាំ២០២៣ ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមាន ១ ០៧២,៣១ ប៊ីលានរៀល (ប្រមាណជា ២៦៤,៧៧ លានដុល្លារ) ស្មើនឹង ៧,៤១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។


លោកបន្តថា បើគិតរយៈពេល ១២ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ១៤ ៦២៩,១០ ប៊ីលានរៀល (ប្រមាណជា ៣ ៦១២,១២ លានដុល្លារ) ស្មើនឹង ១០១,១៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ ធៀបនឹងចំណូលពន្ធអាករក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២ គឺកើនឡើងចំនួន ៦២៨,២៨ ប៊ីលានរៀល (ប្រមាណជា ១៥៥,១៣ លានដុល្លារ) ស្មើនឹង ៤,៤៩%។


បើតាមលោក គង់ វិបុល លទ្ធផលដ៏ជោគជ័យ និងជាទីមោទនៈនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិ៕